Advertise Here

ម៉េង ប៊ុនឡូ ទាញ វីរៈបុត្រ និង ឆាន​ឈុន ចេញ​រក​លុយ

66 views សុក្រ ២០ ធ្នូ, ២០១៣ ម៉ោង ១០:១០   ៤ខែមុន

បន្ទាប់ពីស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈធំ ម៉េង ប៊ុនឡូ ចាប់ផ្ដើមកម្រើកទីផ្សារឡើងវិញ ដោយគ្រោងនឹងបើក ផលិតកម្មមួយ ដោយកៀរគរដួងផ្កាយក្នុងកម្មវិធី “ផ្កាយរះក្នុងសួន” មករួមដៃគ្នាចេញអុកឡុក ទីផ្សារសិល្បៈរបស់ ខ្មែរ។



ផលិតកម្មរបស់លោក ម៉េង ប៊ុនឡូ មានស្លាកយីហោថា “BBL” ហើយក្នុងនោះ សោម វីរៈបុត្រ ទួន ឆានឈុន និងប្អូនស្រី ហ៊ិន លីដា ជាដើម គឺជាកម្លាំងស្នូលរបស់ផលិតកម្មលោក ដែលគ្រោងបើកនៅដើមឆ្នាំ២០១៤នេះ។ លោក ម៉េង ប៊ុនឡូ ប្រាប់បន្តថា មិនត្រឹមតែដួងផ្កាយបីដួងខាងលើទេ គឺនៅមាន ដួងផ្កាយ ជ័យ សុវ៉ាត ហេងឡៃ ហ៊ាន់ និង ពុំថៃ ប៊ុនហុក ក៏ស្ថិតក្នុងផលិតកម្មរបស់លោកដែលគ្រោងបើកនេះដែរ។

ក្រៅពីតារាចម្រៀងចេញពីកម្មវិធី “ផ្កាយរះក្នុងសួន” ខាងលើ ផលិតកម្ម BBL របស់លោក ប៊ុនឡូ ក៏នៅមានតារាចម្រៀងចាស់ថ្មី ជាច្រើនទៀតដែរមានដូចជា លោក មាស សាឡី លោក រ៉ាឌី លោក ថៃ ដូណា កញ្ញា ចរិយា កញ្ញា ធារី និងកញ្ញា ហ្វារីដា ដែរ។អតីតតារាចម្រៀង និងសម្ដែងរូបនេះ បញ្ជាក់ថា នៅក្នុងគម្រោងបើកផលិតកម្មនេះ លោកត្រៀមនឹងចេញលក់ជា CD និង VCD ចំនួនពីរវ៉ុលព្រមគ្នានៅទៀតផង នាដើមខែមករា ឆ្នាំ២០១៤នេះ។

ចំពោះវ៉ុលទី១ គឺមានតារាចម្រៀង លោក មាស សាឡី លោក រ៉ាឌី លោក ថៃ ដូណា កញ្ញា ចរិយា កញ្ញា ធារី និងកញ្ញា ហ្វារីដា។ ចំណែកឯវ៉ុលទី២ គឺមានតារាចម្រៀងដែលប្រសូតចេញពីកម្មវិធី “ផ្កាយរះក្នុងសួន” ទាំងអស់ ហើយពួកគេតម្រូវឲ្យច្រៀងជាគូ ប្អូនស្រី ហ៊ិន លីដា ត្រូវច្រៀងជាមួយប្អូនប្រុស ជ័យ សុវ៉ាត។ ឯប្អូន ហេង ឡៃហ៊ាន់ ច្រៀងគូជាមួយប្អូន ពុំ ថៃប៊ុនហុក ហើយ សោម វីរបុត្រ ចាប់ដៃគូជាមួយប្អូន ទួន ឆានឈុន។



លោក ម៉េង ប៊ុនឡូ បញ្ជាក់ថា ទាំងពីរវ៉ុលនេះ លោកមានជំនឿចិត្តលើវ៉ុលរបស់ប្អូនៗ ផ្កាយរះក្នុងសួនខ្លាំង ដោយសារកន្លងមក វីដេអូឃ្លិបមួយចំនួនរបស់របស់ពួកដែលដកចេញពីកម្មវិធី “ផ្កាយរះក្នុងសួន” ហើយយកទៅបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតនោះ ត្រូវបានមហាជនគាំទ្រយ៉ាងលើសលប់ ពិសេសគឺការច្រៀងគូឌឺដងគ្នារវាងតារាចម្រៀងវ័យក្មេង សោម វីរៈបុត្រ និង ទួន ឆានឈុន។ លោក ថ្លែងថា “យើងសង្ឃឹមច្រើនថា នឹងជោគជ័យ ព្រោះពួកគេទាញបានការគាំទ្ររួចហើយ!”។

ទន្ទឹមគ្នានេះដែរ សាច់ញាតិរបស់តារាចម្រៀងវ័យក្មេងរបស់កម្មវិធី “ផ្កាយរះក្នុងសួន” ពីរនាក់ ក៏បានបង្ហើបឲ្យដឹងដែរថា កូនរបស់ពួកគេ ក៏មានផលិតកម្មផ្សេងៗទាក់ទងដែរ ប៉ុន្តែសុខចិត្តទទួលផលិតកម្ម BBL របស់លោក ម៉េង ប៊ុនឡូ ដោយសារថា អតីតតារាចម្រៀង និងសម្ដែងរូបនេះ បានទាក់ទងមុនហើយ៕

(ប្រភព / source) : http://news.sabay.com.kh/articles/528373

អត្ថបទផ្សេងៗ៖

ចំណាប់អារម្មណ៍ (Comments)